សកម្មភាពថ្នាក់ដឹកនាំ

៥ មីនា ២០១៤

មិទ្ទិញអបអរសាទរខួបលើកទី១០៣នៃទិវាអន្តរជាតិនារី ៨ មីនា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៤ នៅអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រារព្ធមទ្ទិញអបអរសាទរខួបលើកទី ១០៣ នៃទិវាអន្តរជាតិនារី ៨ មីនា លើប្រធានបទ «សមភាពនៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម» ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ហ៊ុន គឹមឡេង និងមានការអញ្ជើញចូលរួមជាគណធិបតីពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអគ្គស្នងការរង ឯកឧត្តមប្រធាននាយកដ្ឋានកណ្តាល ឯកឧត្តមប្រធាន អនុប្រធាននាយកដ្ឋានចំណុះអោយអគ្គស្នងការដ្ឋាននគរបាលជាតិ កញ្ញា Magaret Akullo អ្នកសម្របសម្រួលគម្រោងកុមារភាពនៃអង្គការ UNODC ប្រចាំតំបន់អាស៊ីបូព៌ាប៉ាស៊ីភិច និងអ្នកស្រី ចាន់ កញ្ញា ប្រធានស្តីទីអង្គការ UNODC ប្រចាំកម្ពុជា ។
បន្ទាប់ពីលោកជំទាវឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិ និងកញ្ញា Magaret Akullo អ្នកសម្របសម្រួលគម្រោងកុមារភាពនៃអង្គការ UNODC ឡើងអានសុន្ទរកថារួចមក ។ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារ យេនឌ័រ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកន្លងមកបានបំពេញការងាររបស់ខ្លួនគួរជាទីមោទនៈ ហើយឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការ ក៏បានជុំរុញឲ្យគ្រប់នាយកដ្ឋាន អង្គភាព ចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ទាំងអស់លើកទឹកចិត្តឲ្យមានថ្នាក់ដឹកនាំជាស្រ្តីផងដែរ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះអង្គការ UNODC ដែលកន្លងមកបានសហការគ្នាល្អ ក្នុងការងារទប់ស្កាត់បទល្មើសប្រឆាំងការជួញដូរស្រ្តី និងកុមារ ។ បន្ទាប់មកឯកឧត្តម ក៏បានបំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់សហមេត្រី ជូនកញ្ញា Magaret Akullo អ្នកសម្របសម្រួលគម្រោងកុមារភាពនៃអង្គការ UNODC និងអ្នកស្រី ចាន់ កញ្ញា ប្រធានស្តីទីអង្គការ UNODC ប្រចាំកម្ពុជា និងបានចែកជូននូវប័ណ្ណសរសើរ វត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកាមួយចំនួនដល់កងកម្លាំងដែលជាស្រ្តី ដែលមានស្នាដៃក្នុងការបំពេញការងារកន្លងមកផងដែរ ។ គួរបញ្ចាក់ផងដែរថា នៅចុងបញ្ចាប់កម្មវិធីក៏មានការប្រគល់នូវសម្ភារៈបរិក្ខា ជូនដល់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយតំណាងអង្គការ UNODC ផងដែរ ៕



កហេ្វឥន្រ្ទទេវី